ធនាគារពិភពលោក៖ កំណើនប្រកបដោយស្ថេរភាពនិងបរិយាប័ន្ន ជាតម្រូវកានាពេលខាងមុខសម្រាប់កម្ពុជា

0
39

ផ្តោតខ្ពស់ថែមទៀតលើការអប់រំ និងការប្រកួតប្រជែងដែលជំរុញការបង្កើតការងារនិងវិនិយោគទុន ភ្នំពេញថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៧ —កម្ពុជាអាចរក្សាកំណត់ត្រាដ៏រឹងមាំរបស់ខ្លួនលើគន្លងនៃកំណើនសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្រ និងទទួលបានកំណើតប្រកបដោយបរិយាប័ន្នដោយផ្តោតលើវិស័យអាទិភាពគន្លឹះៗមួយចំនួន។ នេះបើយោងតាមរបាយការណ៍ថ្មីរបស់ធនាគារពិភពលោក។ របាយការណ៍ដែលមានចំណងជើងថា ការវិនិច្ឆ័យស្ថានភាពប្រទេសដែលមានលក្ខណះជាប្រព័ន្ធ គឺធ្វើឡើងដើម្បីកំណត់ការប្រឈមនានា និងឱកាសជាគន្លឹះសំខាន់ៗសម្រាប់សេ្ថរភាពកំណើន និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ដោយសារប្រទេសកម្ពុជាបានរំកិលខ្លួនឡើងជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប កម្ពុជា នឹងជួបនូវការធ្លាក់ចុះនៃការអនុគ្រោះផ្នែកជំនួញ និងការហិរញ្ញប្បទានពីម្ចាស់ជំនួយ។​ តម្លៃទាបនៃផលិតផលកសិកម្ម ជាមួយនឹងការកើនឡើងនៃប្រាក់ខែ វានឹងតម្រូវឲ្យមានការបង្កើនផលិតភាពផលិត និងតម្លៃបន្ថែមដើម្បីបន្តការប្រកួតប្រជែង។ ការបង្កើនការប្រកួតប្រជែងវានឹងទទួលបានអត្ថប្រយោជន៍ពីការធ្វើឲ្យងាយស្រួលនៃបទបញ្ជានានា សម្រាប់ការចាប់ផ្តើមនៃការធ្វើអាជីវកម្ម។ ក្នុងឆ្នាំ២០១៧ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី១៨០ក្នុងចំណោមប្រទេស១៨៩ ក្នុងផ្នែកនៃការចាប់ផ្តើមធ្វើអាជីវកម្ម។ ការវិនិយោគប្រកបដោយស្ថេរភាពក្នុងសេវាសាធារណៈ ពិតមានសារសំខាន់ខ្លាំងណាស់ ព្រោះវាអាចធានាដល់លទ្ធផលនៃការអប់រំ —​ អត្រាបញ្ចប់ការសិក្សានៅកម្រិតមធ្យមសិក្សាមូលដ្ឋានមានតែ៤៣% ក្នុងឆ្នាំ២០១៣ —និងកាត់បន្ថយកង្វះអាហារូបត្ថម្ភ ដែលវាប៉ះពាល់ដល់កុមារប្រមាណ១ភាគ៣នៃកុមារកម្ពុជា។ ឯកឧត្តម ហែម វណ្ណឌី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានប្រសាសន៍ថា“កម្ពុជា បាននិងកំពុងខិតខំបំពេញការងារយ៉ាងសកម្មដើម្បីជួយប្រជាពលរដ្ឋឲ្យចាកចេញពីភាពក្រីក្រ ហើយយើងប្តេជ្ញាបន្តធ្វើឲ្យមានកំណើនប្រកបដោយបរិយាប័ន្ននៅទូទាំងប្រទេស។ យើងនៅបន្តប្តេជ្ញាបើកទូលាយក្នុងវិស័យជំនួញ និងវិនិយោគទុន ហើយក៏សូមអរគុណចំពោះសហគមន៍អន្តរជាតិសម្រាប់ការបន្តការគាំទ្រ និងការជឿជាក់របស់ខ្លួនលើភាពរឹងមាំ និងភាពរីកចំរើនរបស់កម្ពុជា។” របាយការណ៍ ការវិនិច្ឆ័យស្ថានភាពប្រទេសដែលមានលក្ខណៈជាប្រព័ន្ធលើកទី១សម្រាប់ប្រទេសកម្ពុជានេះ បានលើកឡើងនូវវិស័យអាទិភាពចំនួន៣ សម្រាប់ការរក្សាកំណើតរឹងមាំ។ សេដ្ឋកិច្ចកម្ពុជាបានកើនជាមធ្យមក្នុងអត្រា៧,៦% ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០១៥ ដែលកំណើននេះបានធ្វើឲ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនលំដាប់ខ្ពស់ជាងគេបំផុតក្នុងពិភពលោក គឺមានចំណាត់ថ្នាក់ទី៦ក្នុងពិភពលោកក្នុងន័យនៃកំណើនសេដ្ឋកិច្ច ដែលវាបានជួយបន្ថយអត្រាភាពក្រីក្រយ៉ាងធំ គឺពី៤៧,៨ភាគរយ ក្នុងឆ្នាំ២០០៧ មកនៅត្រឹម ១៣,៥ ភាគរយ ក្នុងឆ្នាំ២០១៤។ វិស័យអាទិភាពដែលរំលេចក្នុងរបាយការណ៍ដែលមានចំណងជើងថា កម្ពុជារក្សាកំណើនរឹងមាំដើម្បីអត្ថប្រយោជន៍ទាំងអស់គ្នា គឺ៖ការបង្កើនភាពប្រកួតប្រជែង និងពិពិធកម្មផ្នែកសេដ្ឋកិច្ចដើម្បីធានាបាននូវកំណើនខ្ពស់ និងបង្កើតការងារ និងការងារប្រសើរៗជាងមុន ដោយកាត់បន្ថយចំណាយនៃការបង្កើតនិងដំណើរការអាជីវកម្ម និងការជំរុញវិនិយោគសាធារណៈនិងឯកជន។កសាងទុនមនុស្ស ដោយការវិនិយោគលើការអភិវឌ្ឍដំបូងនៃកុមារ ជំរុញគុណភាពនៅកម្រិតមធ្យមសិក្សា និងឧត្តមសិក្សា និងការគាំពារគ្រួសារនៅពេលដែលជួបវិបត្តិ។រក្សានិងអភិវឌ្ឍធនធានធម្មជាតិ ដោយវិនិយោគលើធនធានធម្មជាតិនៅកម្ពុជា និងលើកកម្ពស់សេ្ថរភាពនិងបរិយាប័ន្ននៃទីក្រុងនានា រួមទាំងពង្រឹងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។ វិស័យដែលជួយគាំទ្រដល់វិស័យអាទិភាពខាងលើនេះ គឺការលើកកម្ពស់ការផ្តល់សេវាតាមរយៈកំណែទម្រង់វិស័យមុខងារសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុ។ លោកស្រី អ៊ឹហ្គោណា ដូប្រាចា នាយិការគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជាមានប្រសាសន៍ថា “ជាងពីរទសវត្សរ៍កន្លងមកនេះ ការសម្រេចបានរបស់កម្ពុជាក្នុងកំណើនសេដ្ឋកិច្ច និងការប្រសើរឡើងនៃការរស់នៅរបស់ប្រជាជនខ្លួន គឺជាការដ៏គួរឲ្យកត់សម្គាល់។ ការប្រឈមនានា នឹងកើតមាននាពេលខាងមុខ ដោយសារកម្ពុជាមានបំណងប្រាថ្នាចង់បានការប្រកួតប្រជែងសេដ្ឋកិច្ចខ្លាំងជាងមុន ការបង្កើនផលិតភាពផលិត ការកសាងស្ថាប័នរឹងមាំនិងមានប្រសិទ្ធិភាព និងការពង្រីកឱកាសសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប”។ ​លោកស្រីបន្តថា “ក្រុមធនាគារពិភពលោកនឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន និងកាត់បន្ថយភាពក្រីក្រ។”​ របាយការណ៍ការវិនិច្ឆ័យស្ថានភាពប្រទេសដែលមានលក្ខណះជាប្រព័ន្ធ បានធ្វើឡើងសម្រាប់ប្រទេសជាច្រើនក្នុងចំណោមប្រទេសទាំង១៨៩ដែលជាសមាជិករបស់ធនាគារពិភពលោកក្នុងការរៀបចំក្របខ័ណ្ឌភាពជាដៃគូរបស់ប្រទេស។ សម្រាប់ប្រទេសកម្ពុជា របាយការណ៍នេះរៀបចំឡើងដោយការពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធជិត៤០០នាក់ តំណាងមកពី ស្ថាប័នរដ្ឋសភាជាតិ រាជរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល តាមរយៈកិច្ចប្រជុំចំនួន៩ ក្នុងភូមិសាស្រ្តចំនួន៤ផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា។ របាយការណ៍នេះអាចរកបានក្នុង​គេហទំព័រនេះ៖  https://openknowledge.worldbank.org/handle/10986/27149.

LEAVE A REPLY